នំផ្លែអាយ ធ្វើអំពី ម្សៅដំណើបស្ងោរ មានស្នូលជាស្ករត្នោត ហើយត្រូវកោសដូងខ្ចីរោយពីលើ មុននឹងបរិភោគ ដើម្បីបង្ករសជាតិ អោយកាន់តែឈ្ងុញឆ្ងាញ់។
តាម វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួនណាត បានឲ្យដឹងថានំផ្លែអាយមានឈ្មោះដើមថា«នំបំពួនស្ករ» ព្រោះជានំស្រស់មួយប្រភេទធ្វើដោយម្ស៉ៅដំណើប លញ់ស្រោបបំពួនដុំស្ករត្នោតបាត់បំបាំងមើលមិនឃើញខាងក្នុង ស្ងោរអោយឆ្អិន ទើបចាប់ដោតតម្រៀបលើចង្កាក់ឬស្សី បន្ទាប់មក គេយកចង្កាក់នំ ទៅដោតលើ កូនចេក ដែលគេកាប់មក ដើម្បីដោតចង្កាក់នំ ដើរលក់តាមភូមិ។ តែជួនកាល គេធ្វើនំនេះដោយលុញតែម្សៅសុទ្ធ ដូចនេះគេត្រូវយកនំនេះទៅជ្រលក់នឹងទឹកឃ្មុំ ឬ ទឹកស្ករត្នោត រួចរោយដូងខ្ចីកោស មុននឹងបរិភោគ។
ហើយហេតុដែលនាំឲ្យមានឈ្មោះថា«នំផ្លែអាយ»ដែរនោះ ដោយហេតុថា កាលក្នុងរជ្ជកាលនៃព្រះបាទសម្តេចហរិរក្សរាមាឥស្សរាធិបតី គេច្រើនយកនំនេះទៅដាក់ភ្ជាប់នឹងមែកឈើឬមែកឫស្សីដែលគេកាត់យកមក ដោតលើកំណាត់ដើមចេក គេភ្ជាប់នំនេះតម្រៀបគ្នាស្រដៀងនឹងឈើមានផ្លែ… គេសន្មត់ឈ្មោះថានំផ្លែអាយគឺទុកដូចជាឈើដែលផ្លែនៅអាយ ពុំមែនផ្លែដែលគេបេះយកមកពីដើមឈើឯនាយទេ។
នំនេះក៏មាន ឈ្មោះមួយទៀតថា «នំកើតក្តី»ដែរ ដោយមានរឿងតំណាលថា កាលពីព្រេងនាយមានបុរសពីរនាក់អង្គុយស៊ីនំនេះជិតគ្នា, បុរសម្នាក់ពមនំនេះតាមទម្លាប់ ឯបុរសម្នាក់ទៀតខាំនំនេះចំពាក់កណ្តាល ទឹកស្តរខាងក្នុងក៏ធ្លាយបាញ់ត្រូវមុខបុរសម្នាក់, ស្រាប់តែបុរសនោះក្រោកឡើងដាល់តប់គ្នា ហើយក៏កើតជាការប្តឹងផ្តល់គ្នា ទើបចៅក្រមឲ្យឈ្មោះនេះថា «នំកើតក្តី» ចាប់ដើមតាំងពីកាលនោះមក។
ដូច្នេះ នំនេះក៏មានឈ្មោះបីយ៉ាងដូចដែលបានរៀបរាប់មកខាងលើ, ប៉ុន្តែនំកើតក្តីជាពាក្យសាមញ្ញ គេមិនសូវហៅទេ គេច្រើនហៅតែ នំបំពួនស្ករ និងនំផ្លែអាយ។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment